សេរីភាពសិល្បៈនៅកម្ពុជា ៖ នៅពេលដែលការការពារតាមផ្លូវច្បាប់​មិនគ្រប់គ្រាន់

about 25 months ago (09/22/2022)

សេរីភាពសិល្បៈនៅកម្ពុជា ៖ នៅពេលដែលការការពារតាមផ្លូវច្បាប់​មិនគ្រប់គ្រាន់ | ArtsEquator Skip to content នៅខែកញ្ញា ឆ្នាំ២០២០ អាជ្ញាធរកម្ពុជា​បានចាប់ខ្លួន​អ្នកចម្រៀងរ៉ែបវ័យក្មេងពីររូប គឺ គា សុគន្ធ និង​ឡុង ពុទ្ធារ៉ា ទាក់ទងទៅនឹងពាក្យពេចន៍រំលេចនៅក្នុង​បទចម្រៀង ដីខ្មែរ ​ របស់ពួកគេ​ ដែល​ចេញ​កាលពីខែមេសា ឆ្នាំ២០២០។ បទចម្រៀងនេះ​បានទាក់ទាញឱ្យមានការទស្សនារហូតដល់ជាង​ ២,២លានលើក​ អំឡុងពេល​៥ខែ​បន្ទាប់ពីការចេញផ្សាយ។ បទ ដីខ្មែរ នេះ​ជំរុញឱ្យយុវជនខ្មែរទាំងឡាយ​ក្រោក​ប្រឆាំងនឹង​ការគាបសង្កត់ ​អំពើពុករលួយ បោះបង់ចោលគ្រឿងស្រវឹង ហើយយកចិត្តទុកដាក់​លើបញ្ហាទឹកដី។ នៅក្នុង​បទចម្រៀងនេះ សុគន្ធរ៉ែបថា៖ « ខ្ញុំចាប់កំណើតកើតនៅលើដីកម្សត់ មានបេះដូងអព្យាក្រឹត​ ប្រឆាំងជាមួយនឹងជនក្បត់ វ៉ៃយកកេរដំណែល ក្រវែលអ្នកគាបសង្កត់ ជួយជាតិតាមសំឡេង ឱ្យគេឮតាមបទ។ ខ្ញុំអ្នកសៀមរាបរស់នៅលើដីប្រាសាទ មានឈាមវរ្ម័នក្លាហានមិនបាក់ស្បាត ឈរតំណាងទឹក តំណាងដី តំណាងសាសន៍ លើកទង់ជាតិកម្ពុជា ស្មើមេឃ ស្មើអាកាស។ » ពាក្យពេចន៍របស់សុគន្ធ​ គឺពោរពេញ​ទៅដោយមនោសញ្ចេតនា ជាតិនិយម ជាពិសេសពេលដែលសិល្បកររូបនេះ​រម្លឹកដល់អ្នកស្ដាប់ថា ៖ « យើងបើអស់ដីគ្មានអ្វីនៅទៀតទេ… សាសន៍មួយចំនួនកំពុងតែឈ្លានពាន ពេលដែលបាក់សាមគ្គីគេនឹងមកទន្ទ្រាន… » បើទោះបីជាបទចម្រៀងទាំងមូលមិនលើកយកពាក្យ «វៀតណាម» មកពណ៌នាក៏ដោយចុះ ក៏បញ្ហាទឹកដីដែលបានរំលេចនៅក្នុង​ចម្រៀងមួយបទ នេះ​ធ្វើ​ឱ្យអ្នកស្ដាប់​យល់បាន​ថា​ ជាការសំដៅទៅរក​បញ្ហា​ព្រំដែន​ដ៏រស៊ើបមួយ​​ជាមួយនឹង​ប្រទេស​វៀតណាម ​​​ ទៅនឹង ការចោទប្រកាន់ ជាយូរយារណាស់មកហើយថា រដ្ឋាភិបាលកាន់អំណាច គេចពីទំនួលខុសត្រូវរបស់ខ្លួនចំពោះរឿងបូរណភាពទឹកដីកម្ពុជា។ ឆ្លើយតប​នឹង​បណ្ដឹង​ធ្វើឡើង​ដោយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​នៅក្នុង​ខែធ្នូ ឆ្នាំដដែលនោះអង្គជំនុំជម្រះសាលាដំបូង​នៃខេត្តសៀមរាបបាន​ចេញសេចក្ដីសម្រេចថា ​អ្នក​ចម្រៀង​ទាំងពីរ​រូបមាន​ទោស​ផ្អែកតាម​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ពីបទ ​ « ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ » ។ នៅកម្ពុជា បទ​ចោទប្រកាន់ពីការញុះញង់ និង​បរិហារកេរ្តិ៍​តែងតែ​ត្រូវ​ធ្វើ​ឡើង​ដោយ​តុលាការ​ទៅលើ​អ្នក​ នយោបាយ សកម្មជន និង​បុគ្គល​មួយចំនួន​​ដែល​ត្រូវបាន​មើល​ឃើញថា​ជាអ្នក​រិះគន់​រដ្ឋាភិបាល។¹ ម្យ៉ាងវិញទៀត ការផ្តន្ទាទោសទៅលើ​សុគន្ធ និង​ពុទ្ធារ៉ា​អាចចាត់ទុកបានថាជាការអនុវត្តច្បាប់ទៅតាម «ក្រមសីលធម៌នៃ​អ្នក​សិល្បៈ» ឆ្នាំ២០១៦ របស់ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ ។ ផ្នែកទី២ ប្រការ៤ កថាខណ្ឌទី៩ នៃក្រមសីលធម៌នេះចែងថា អ្នក​សិល្បៈទាំងអស់ ​ « ត្រូវចៀសវាងឱ្យបាននូវប្រឌិតញាណ ​ការ​សម្ដែង​ដែលមានលក្ខណៈអុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា » ។ ក្រមនេះ​ក៏ពិពណ៌នាផងដែរអំពីការពិន័យចំពោះការមិនគោរពតាម ឬការបំពានបទប្បញ្ញត្តិផ្សេងៗ ហើយការពិន័យ គឺមានពីរបែប​ទៅតាមទម្ងន់នៃទោស ៖ « ណែនាំ ឬស្ដីបន្ទោសដោយផ្ទាល់មាត់ និង/ឬ ព្រមានជាលាយលក្ខណ៍អក្សរផ្សព្វផ្សាយជាសាធារណៈ » និង/ឬ​ « ផ្អាកមិនឱ្យ [អ្នកសិល្បៈ]ធ្វើសកម្មភាពទាក់ទងនឹង​វិស័យសិល្បៈវប្បធម៌ក្នុងរយៈពេលណាមួយស្របតាមកំហុសឆ្គងនៃអ្នកសិល្បៈនោះបានប្រព្រឹត្ត » ។ ខណៈដែលការដាក់ទោសទៅលើ​សុគន្ធ និង​ពុទ្ធារ៉ា គួរតែជាការដាក់ពិន័យកំណត់ដោយក្រមសីលធម៌នៃ​អ្នក​សិល្បៈឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា​បែរ​ជាជ្រើសប្រើបទប្បញ្ញត្តិ​ពី​ក្រមព្រហ្មទណ្ឌសម្រាប់ទម្ងន់ទោសនេះទៅវិញ។ ដូចដែលអ្នកកាសែត Sebastian Strangio បានកត់សម្គាល់ «ការផ្តន្ទាទោសអ្នកចម្រៀងរ៉ែបទាំងពីររូបនេះ​​គ្រាន់តែជា​រលកថ្មីៗនៃ​ការ​ចាប់ខ្លួន​សកម្មជន និង​អ្នកប្រឆាំងដែល​មានចំនួន​កាន់តែច្រើនឡើង​​ចាប់​តាំងពីការចាប់ខ្លួនលោក រ៉ុង ឈុន មេសហជីពដ៏ល្បី ​កាលពីខែកក្កដា បន្ទាប់ពីលោកបាន​ចោទប្រកាន់រដ្ឋាភិបាល​អំពីការ​ប្រគល់ដី​ឱ្យទៅប្រទេសវៀតណាម»។ ទោះជាយ៉ាងណាក្តី ការផ្តន្ទាទោស​ក្រោម​មាត្រា​៤៩៥​នៃក្រមព្រហ្មទណ្ឌ គឺត្រូវ​មាន​ធាតុនៃ « ការញុះញង់ដោយផ្ទាល់​ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬរំខានដល់សន្តិសុខសង្គម » តាមរយៈការប្រើសម្ដី សំណេរ រូបថត ឬសោតទស្សន៍​ណាមួយ​ផ្សព្វផ្សាយ​ដល់​សាធារណជន។ ក្នុងករណីអ្នកចម្រៀងរ៉ែបទាំងពីរ ហាក់ដូចជាចូល​ក្នុង​ចំណុច​ទី២​ គឺការផ្សព្វផ្សាយ​តន្ត្រី​ដល់​សាធារណជន ប៉ុន្តែ ​ មិន ​ ច្បាស់ ​ ថា ​ តើ ​ បទភ្លេងឬទំនុកច្រៀង ​ របស់ ​ ពួកគេ ​ ជាការញុះញង់ដោយផ្ទាល់ ​ ឱ្យ ​ ប្រព្រឹត្ត ​ បទល្មើស ​ យ៉ាងដូចម្ដេច ឬថាតើ​ពួកគេ​រំខាន​ដល់​សន្តិសុខ​ជាតិយ៉ាងដូចម្ដេចនោះឡើយ។ នៅក្នុងសវនាការ ពុទ្ធារ៉ាសុខចិត្ត​បង្ហាញនូវ​វិប្បដិ​សារី​ចំពោះ​ទង្វើរបស់ខ្លួន ធ្វើ​ឱ្យមាន​ទម្ងន់ទោសស្រាល ​៖ ជាប់ពន្ធនាគារ៥ខែ។ ផ្ទុយទៅវិញ សុគន្ធទទួល​ទោសធ្ងន់ គឺជាប់គុក១ឆ្នាំកន្លះ ដោយសារលោកប្រកាន់ជំហរដោយ​មិនយល់​ព្រម​បង្ហាញនូវវិប្បដិសារីចំពោះមុខតុលាការឡើយ។² ៥ឆ្នាំមុននឹងរឿងនេះបានផ្ទុះឡើង គឺនៅក្នុងខែកញ្ញា ឆ្នាំ២០១៥ សម្ព័ន្ធរដ្ឋចំនួន​៥៧​ដឹកនាំដោយប្រទេសឡាតវីយ៉ា អ៊ុយរ៉ាហ្កាយ និងសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍រួម​មួយ ដែលថ្លែងដោយ​ឯកអគ្គរដ្ឋទូត ជែនីស ខាលីន​ (Janis Karlins) ​តំណាងអចិន្ត្រៃយ៍​របស់​ឡាតវីយ៉ានៅអង្គការសហប្រជាជាតិប្រចាំ​នៅ​ទីក្រុងហ្សឺណែវ នៅចំពោះមុខសម័យប្រជុំលើកទី៣០របស់ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក្រោមប្រធានបទ៖ « ការអះអាងជាថ្មីចំពោះសិទ្ធិក្នុងការមានសេរីភាពបញ្ចេញមតិ ដោយរួមបញ្ចូលទាំងការធ្វើការសិល្បៈ និងការច្នៃប្រឌិត » ។ អារម្ភកថានៃ សេចក្ដីថ្លែងការណ៍នេះ​មានខ្លឹមសារដូចតទៅ ៖ « [យើង]អះអាងជាថ្មីអំពីសិទ្ធិក្នុងការមានសេរីភាពបញ្ចេញមតិ។ សិទ្ធិនេះត្រូវបានចែងនៅក្នុងមាត្រា១៩នៃ ICCPR (កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ) ហើយត្រូវបាន​ធានាចំពោះមនុស្សគ្រប់រូបដោយគ្មានការរើសអើង។ វិសាលភាពសិទ្ធិនេះរួមបញ្ចូលទាំងការបង្ហាញសិល្បៈ និងការច្នៃប្រឌិត ដោយហេតុថា ICCPR លើកឡើងជាពិសេសពីការសម្តែង « ​ក្នុងទម្រង់សិល្បៈ » ។ យោងតាមមាត្រា១៥នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(ICESCR) រដ្ឋភាគីទទួលស្គាល់សិទ្ធិចូលរួម​ជីវិតវប្បធម៌របស់បុគ្គលណាម្នាក់ និងទទួលបានអត្ថប្រយោជន៍ពីការការពារផលប្រយោជន៍ដែលកើតចេញពីផលិតកម្មសិល្បៈរបស់បុគ្គលនោះ។ យោងតាមមាត្រា​២៧​នៃ UDHR (សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស) មនុស្សគ្រប់រូបមានសិទ្ធិរីករាយជាមួយនឹងសិល្បៈ។ » ខុសពីប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ​១៩៩៣អាចនិយាយបានថាមានវិវឌ្ឍនាការ និងសេរីនិយមជាងគេ ជាពិសេសលើជ្រុងសិទ្ធិ​នយោបាយ សាសនា និងសិទ្ធិមនុស្ស។ គួរបញ្ជាក់ផងដែរថា រដ្ឋធម្មនុញ្ញនេះ គឺជាលទ្ធផលចេញពី​ភាពតានតឹងនៃសម័យក្រោយសង្គ្រាមត្រជាក់ និង ពីការធ្វើសម្បទាននយោបាយ ដែលក្នុងនោះលទ្ធិប្រជាធិបតេយ្យ​បាន​ទទួល​ជ័យជម្នះ។ ចារឹករដ្ឋធម្មនុញ្ញឆ្នាំ​១៩៩៣ គឺមាត្រា​១៣ ដែល​ចែងថា ៖ « ព្រះរាជាណាចក្រកម្ពុជា​ទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ​ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស សន្ធិសញ្ញានិងអនុសញ្ញាទាំងអស់ដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ » ។ នេះមាន ន័យ ថា កម្ពុជាជាប្រទេសហត្ថលេខីនៃ ICCPR និង ICESCR ដូចបានរៀបរាប់ខាងលើ។ ហើយនេះមិនទាន់ទាំងពោលផងថា កម្ពុជាគឺជារដ្ឋភាគី ដែលស្ថិត ក្រោមដែនសមត្ថកិច្ចអង្គការយូណេស្កូ «អនុសញ្ញាស្ដីពីការការពារ និងការលើកស្ទួយពិពិធភាពនៃការបញ្ចេញមតិវប្បធម៌»។ ជាងនេះទៅទៀត ដូចដែលបានបញ្ជាក់ជាថ្មីនៅក្នុងសេចក្ដីសម្រេច ឆ្នាំ២០០៧ដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលជាស្ថាប័នមួយ​មានបុព្វសិទ្ធិបកស្រាយ និងធានាឱ្យមានការគោរពរដ្ឋធម្មនុញ្ញ រាល់ច្បាប់ អន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័ននឹងក្លាយទៅជាច្បាប់របស់ជាតិ។ ក្របខណ្ឌច្បាប់ទាំងនេះ ទាំងនីតិជាតិ និងនីតិអន្តរជាតិ បានធ្វើឱ្យកម្ពុជាស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​មាន​របបសិទ្ធិមនុស្សឈានមុខគេ និងស្របតាមស្ដង់ដារអន្តរជាតិ។ បើមើលទៅវាហាក់បីដូចជានៅប្រទេសកម្ពុជា សេរីភាព​នៃការបញ្ចេញមតិមានរួមបញ្ចូលផងដែរនូវការសម្តែងមតិសិល្បៈ និងការច្នៃប្រឌិត ដូចដែលបានលើកឡើងនៅក្នុងច្បាប់​របស់កម្ពុជាផ្ទាល់។ ដូច្នេះ សិល្បករខ្មែរគួរតែរីករាយ​នឹង​សិទ្ធិ ផ្សេងៗរបស់ពួកគេដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ គេ​មិនច្បាស់ថាហេតុអ្វីបានជាក្នុងចំណោមប្រទេសអាស៊ានដទៃទៀត ប្រទេសកម្ពុជាមិនបានបង្ហាញចំណាប់អារម្មណ៍លើ ឬចូលរួមនៅក្នុង «ការអះអាងជាថ្មីចំពោះសិទ្ធិក្នុងការមានសេរីភាពបញ្ចេញមតិ»ឆ្នាំ​២០១៥នោះឡើយ។ បើយើងក្រឡេកមើលពីភាពរកាំរកូស នាពេលថ្មីៗនេះរវាងសិល្បករ និងរដ្ឋាភិបាល ប្រហែលជាអាចផ្ដល់នូវតម្រុយមួយចំនួន។ ទោះបីជារបបច្បាប់កម្ពុជាអាចជារបប​គំរូក៏ដោយចុះ ក៏ការអនុវត្តជាក់ស្ដែង និងតថភាពនៅក្នុងប្រទេសអាចនឹងមិន ឆ្លើយឆ្លង ឬ ប្រដំប្រសងទៅនឹងរបបច្បាប់ជាធរមាននោះឡើយ។ ចាប់តាំងពីឆ្នាំ១៩៩៣មក ប្រហែលមានតែសុគន្ធ និងពុទ្ធារ៉ាតែប៉ុណ្ណោះដែលជាអ្នកសិល្បៈ ដែលត្រូវបានទទួលការកាត់ទោសឱ្យជាប់ពន្ធនាគារ ប៉ុន្តែពួកគេមិនមែនជាសិល្បកតែពីររូបនោះទេ ដែលសេរីភាពក្នុងការបញ្ចេញមតិ និង ផលិតកម្មសិល្បៈរបស់ពួកគេ ត្រូវបានទទួលរងនូវ ការប្រឈម ការថ្កោលទោស ឬ ការពិនិត្យពិច័យ ឬ ត្រូវបានចាត់ទុកថាបានឆ្លង «បន្ទាត់ក្រហម» ពីសម្នាក់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬអាជ្ញាធរមានសមត្ថកិច្ច ។ នៅខែឧសភា ឆ្នាំ២០១៦ តារាចម្រៀងដេននី ក្វាន់ ដែលល្បីរឿងស្លៀកពាក់ « ស៊ិចស៊ី » និងស្រើបស្រាល ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​ កោះហៅ បន្ទាប់ពីរូបថត​ជាច្រើនសន្លឹកដែលឃើញរូបនាងស្លៀកពាក់សាច់ក្រណាត់ថ្លាមើលធ្លុះឃើញសាច់ សឹងតែខ្លួនទទេ ផ្សព្វផ្សាយនៅក្នុងសារព័ត៌មានក្នុងស្រុក។ ដេននី ក្វាន់ ដែល​មានអាយុ២៣ឆ្នាំនៅពេលនោះត្រូវបានហៅទៅ « ណែនាំ » ។ នាង​មិនត្រឹមតែត្រូវបានស្ដីបន្ទោសចំពោះរឿងសម្លៀកបំពាក់នោះទេ ថែមទាំងត្រូវបានណែនាំអំពីអាកប្បកិរិយារបស់ស្ត្រីដែលគួរប្រព្រឹត្ត ហើយត្រូវសន្យាថានឹងមិនប្រព្រឹត្ត​​ « កំ​ហុសឆ្គង » ទៀត។ សម្លៀកបំពាក់របស់ដេននី ក្វាន់ត្រូវបានគេចាត់ទុកថាមានផលប៉ះពាល់អវិជ្ជមានដល់ទំនៀមទម្លាប់ជាតិ ព្រមទាំងបំពានក្រមសីលធម៌នៃអ្នកសិល្បៈដែលចែងថា៖ សិល្បករទាំងអស់ « ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់ពាក្យពេចន៍ កាយវិការ សកម្មភាព ឥរិយាបថ ការស្លៀកពាក់ ដោយរក្សាឱ្យបាន​នូវភាពថ្លៃថ្នូរ ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម និងកិត្យានុភាពជាតិ » ។ ក្រមសីលធម៌ដែលមាន១៨ទំព័រ ហើយបានចេញផ្សាយដំបូងក្នុងឆ្នាំ២០១០ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ គឺមានភាពសមស្របជាមួយនឹងគោលនយោបាយជាតិសម្រាប់វប្បធម៌ឆ្នាំ២០១៤ ហើយដែលគោលនយោបាយនេះមានគោលបំណង ៖ លើកកម្ពស់ ថែរក្សា ការពារសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ឱ្យបានគង់វង្ស ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និង​ការអភិវឌ្ឍប្រកបដោយចីរភាព ទប់ស្កាត់ផលប៉ះពាល់ដែលមានលក្ខណៈអវិជ្ជមានចំពោះសិល្បៈប្រពៃណីជាតិ។ មិនយូរប៉ុន្មាន បន្ទាប់ពីដេននី ក្វាន់ត្រូវបានហៅទៅណែនាំ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា បានកោះប្រជុំថ្នាក់ក្រសួង ដើម្បីកែប្រែក្រមសីលធម៌ដែលមានស្រាប់។ ក្នុងការការពារ​ចំណាត់ការនេះ លោក ថៃ នរៈសត្យា ដែលកាលនោះជាអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ បានមានប្រសាសន៍ថា ៖ « យើងចង់កែប្រែក្រមដែលមានស្រាប់សម្រាប់អ្នកសិល្បៈអាជីព ដើម្បីកុំឱ្យការងារ និងចម្រៀងរបស់ពួកគាត់រងការរិះគន់ខ្លាំងពេកពីសាធារណជន » ។ ប្រាកដណាស់ មានការរិះគន់ជាច្រើន​ពីសាធារណជន ដែលភាគច្រើនត្រូវបានបង្ហោះតាមបណ្ដាញសង្គម ចំពោះការស្លៀកពាក់របស់អ្នកសិល្បៈនិងតារាស្រី ដែលមានលក្ខណៈស្រើបស្រាល។ ហើយបទចម្រៀងជាច្រើនដែលចេញដោយសិល្បករផ្សេងៗនៅក្នុងឆ្នាំ២០១៦ ត្រូវបានគេមើលឃើញថាមិនមានតម្លៃ អប់រំ។ បទចម្រៀងទាំងនោះរួមមាន ស៊ីចេកផឹកទឹក ដោយ និរត្តន៍ បទ ស៊ីបានចេះតែស៊ីទៅ ដោយ​កែវ វាសនា និងបទ ទាល់តែយូរទើបស៊ីអូនបាន ដោយ ចាន់ ម៉ាលីស។ នៅក្នុងវាក្យស័ព្ទខ្មែរសម័យទំនើប ក៏ដូចនៅក្នុងភាសាថៃដែរ ពាក្យ « ស៊ី » ក៏មានន័យថាការរួមភេទដែរ។ ដូច្នេះ មិនថាយ៉ាងណាទេ បទចម្រៀងទាំងនេះគឺទាក់ទងទៅនឹងការរួមភេទ ឬភាពអសុរោះនៅក្នុងការបញ្ចេញមតិខាងផ្លូវភេទ។ ក្នុងបរិបទនេះ ក្រសួងបានធ្វើតាមមនោសញ្ចេតនាប្រជាជន ហើយបោះជំហានប្រតិកិរិយា ដើម្បីកែប្រែក្រមសីលធម៌ថ្មី « បង្កើតការឯកភាពគ្នាក្នុងចំណោមសិល្បករ និងអ្នកនិពន្ធ អំពីអ្វីដែលសមរម្យក្នុង ការស្លៀកពាក់ ឬបញ្ចូលស្នាដៃរបស់ពួកគេ » ។ ក្រមសីលធម៌ថ្មីនេះធ្វើឱ្យ រដ្ឋាភិបាលមានសំឡេងកាន់តែធ្ងន់ទៅលើការផលិតស្នាដៃសិល្បៈ និងឥរិយាបថអ្នកសិល្បៈ ហើយស្របពេលជាមួយគ្នា ​ អាចពង្រឹងរូបភាពរបស់រដ្ឋាភិបាលក្នុងនាមជារដ្ឋាភិបាលដែលឱ្យតម្លៃលើមតិប្រជាជនផងដែរ។ ប្រហែល៨ខែបន្ទាប់ពីក្រមសីលធម៌ថ្មីនេះត្រូវបានប្រកាសជាសាធារណៈនៅខែមេសា ឆ្នាំ២០១៧ រឿងសម្លៀកបំពាក់របស់ដេននី ក្វាន់​បាន​ផ្ទុះចេញជាប្រធានបទនិយាយគ្នារបស់សាធារណជនជាថ្មី។ ជាលទ្ធផល ដេននី ក្វាន់បានក្លាយជាតារាដំបូងគេដែលរងគ្រោះដោយសារក្រមសីលធម៌នេះ ដោយ នាងត្រូវបានហាម(ជាការដាក់ទណ្ឌកម្ម) មិន​ឱ្យ​សម្ដែងនៅក្នុងខ្សែភាពយន្ត​ថ្មីឡើយ សម្រាប់រយៈពេលមួយឆ្នាំ។ ទោះបីជា​យ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើបម្រាមនេះកើតឡើងដោយសារសម្លៀកបំពាក់ ដែលនាងស្លៀក​ក្នុងជីវិត​ឯកជន ឬក៏ដោយសារ​តែសម្លៀកបំពាក់ដែលនាងស្លៀកក្នុងពេលសម្ដែង។ ទោះយ៉ាងណា ការផ្អាកការងារសម្ដែងរបស់នាង គឺជា ចំណាត់ការមួយរបស់ ​ ក្រសួងវប្បធម៌ ដោយសារនាងមិនព្រមស្លៀកពាក់ឱ្យបានសមរម្យ តាមការណែនាំរបស់​ក្រសួងកាលពីពេលដែលនាងត្រូវ​បាន​ហៅទៅណែនាំនៅឆ្នាំ២០១៦។ តាមពិតទៅ ដេននី ខ្វាន់មិនដែលបង្ហាញរូបភាពអាក្រាតកាយនៅពេលសម្ដែងទេ តែសម្លៀកបំពាក់លិចលើលិចក្រោមរបស់នាង ដែលសឹងតែដូចគ្មានស្លៀកពាក់ ត្រូវបានចាត់ទុកថាជាភាពអាក្រាត ដែលជារឿងរសើបមួយសម្រាប់អ្នកផង ជារឿងរំខាន ឬមានលក្ខណៈបំផ្លាញនៅក្នុងប្រទេស​កម្ពុជាសព្វថ្ងៃ។ ប៉ុន្តែ ភាពអាក្រាតកាយគឺមាននៅក្នុងសិល្បៈ និងវប្បធម៌កម្ពុជាតាំងពីយូរណាស់មកហើយ។ ឧទាហរណ៍អប្សរាដែលគ្មានពាក់អាវនៅតាមជញ្ជាំងប្រាសាទអង្គរសតវត្សរ៍ទី១២ និងរូបអាក្រាតនៅក្នុងស្នាដៃរបស់វិចិត្រករ ញឹក ឌឹម នៅចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០។ ស្ទីលគំនូរដ៏ស្រើបស្រាលរបស់គាត់នៅតែដក់ជាប់ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន​ តួយ៉ាងដូចជាគំនូរស្ត្រីអត់អាវកណ្ដៀតក្អមទឹកជាដើម ដែលគេអាចរកបាននៅតាមហាងនានាម្ដុំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA)។ ថ្វីបើមានភស្តុតាងជាប្រវត្តិសាស្ត្រ និងវប្បធម៌បែបនេះក៏ដោយ ក៏ការអាក្រាតកាយត្រូវបានចាត់ទុកថាជាទិដ្ឋភាពមិនល្អដែលត្រូវតែលុបបំបាត់។ បម្រែបម្រួលឥរិយាបថទាំងនេះ និងបទប្បញ្ញត្តិនៃការបង្ហាញរូបភាពអាក្រាតកាយដែលពីមុនអាចទទួលយកបាន តែឥឡូវកាន់តែមានភាពប្រទាំងប្រទើស។ ក្នុងឆ្នាំ២០០៨ រដ្ឋាភិបាលរួមទាំងក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន បានសម្ដែងការព្រួយបារម្ភចំពោះស្នាដៃសិល្បៈឌីជីថលបង្ហាញរូបអប្សរាដែលមានដើមទ្រូងណែនក្លំ នៅលើក្បាលមានគ្រឿងប្រដាប់ និងគ្រឿងអលង្ការដ៏ប្រណីត អង្គុយពីមុខប្រាសាទបុរាណខ្មែរ ដែលជាស្នាដៃសិល្បៈរបស់​ក្រុម​សិល្បករឌីជីថលខ្មែរ-អាមេរិកាំងមួយឈ្មោះ Reahu Ausra ។ ក្រសួងបានលើកឡើងថា ការងារនេះប្រឆាំងនឹងវប្បធម៌ខ្មែរ និងបន្ទាបតម្លៃស្ត្រី និងប្រពៃណីខ្មែរ។ ក្រុម Reahu Ausra បានអះអាងវិញថា មុខអប្សរាដែលបានបង្ហាញនោះ គឺជាតិសាសន៍ដទៃ មិនមែនជារូបតំណាងឱ្យស្ត្រីខ្មែរនោះទេ។ រដ្ឋធម្មនុញ្ញកម្ពុជាក៏លើកឡើងពីរឿងសេចក្ដីថ្លៃថ្នូរ និងតម្លៃស្ត្រីនេះផងដែរ។ មាត្រា ៤៦ ចែងថា៖ « ការជួញដូរមនុស្ស អំពើអាជីវកម្មផ្លូវភេទ និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ត្រីត្រូវហាមឃាត់ » ។ ប៉ុន្តែតើការស្លៀកពាក់របស់ដេននី ក្វាន់ត្រូវ​បាន​ចាត់ទុកជាពេស្យាចារ ឬអាសអាភាសដែរឬទេ? ហើយតើវាមិនឱ្យតម្លៃ ឬធ្វើឱ្យតម្លៃស្ត្រីខ្មែរ ឬប្រពៃណីខ្មែរធ្លាក់ចុះដោយរបៀបណា? យើង​ប្រហែលជាគ្មានចម្លើយផ្លូវការចំពោះសំណួរទាំងនេះទេ ប៉ុន្តែមាត្រា៣១នៃរដ្ឋធម្មនុញ្ញចែងថា កម្ពុជាទទួលស្គាល់ និងសន្យា​បំពេញ​តាមអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW)។ Denny Kwan.

» read more on Arts Equator